កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគ្រឿងអលង្ការរបស់ប្រជាពលរដ្ឋបានសម្រេច ហើយព្យាយាមគេចខ្លួន។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះជាម្ចាស់គ្រឿងអលង្ការ មានឈ្មោះ ផុន ផល្លា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ចំណែកជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ស៊ឹម ប៉ូឡូ ហៅនាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងម្នាក់ទៀតគេចខ្លួនបាត់។ ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ខ្សែក លោហៈធាតុពណ៌លឿង ចំនួន២ខ្សែផងដែរ។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូឌុបគ្នាស្វែងរកគោលដៅធ្វើសកម្មភាពលួចលុះមកដល់ចំណុចកើតហេតុ បានឃើញផ្ទះបុណ្យជិតកន្លែងកើតហេតុ ជនសង្ស័យក៏បន្លំធ្វើជាភ្ញៀវដោយជនសង្ស័យឈ្មោះ ភា នៅចាំម៉ូតូ ឯជនសង្ស័យឈ្មោះ ស៊ឹម ប៉ូឡូ បានដើរចូលក្នុងផ្ទះម្ចាស់បុណ្យ ធ្វើសកម្មភាពលួចយកខ្សែក របស់ជនរងគ្រោះដែលទុកក្នុងបន្ទប់ ពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ជនរងគ្រោះ ក៏បានចូលមកទាន់ ហើយ បានប្តឹងសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់តែម្តង ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់