ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយថាប្រទេសរុស្ស៊ី នឹងមិនធ្វើបត្យាប័នលោក Edward Snowden ទៅឲ្យសហរដ្ឋអាមេរិកវិញនោះទេ ព្រោះថាប្រទេសទាំងពីរមិនបានចុះកិច្ចព្រមព្រៀងស្ដីអំពីការធ្វើបត្យាប័នទៅវិញទៅមកនៃឧក្រិដ្ឋជនឡើយ។
“បញ្ហាគឺមិនមែនថាយើងការពារ Snowden នោះទេ។ យើងមិនមានបំណងការពារគាត់ដោយវិធីណាមួយឡើយ”។ នេះជាសម្ដីរបស់លោក ពូទីន បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ 1TV នឹងនៅមុនពេលកិច្ចប្រជុំកំពូល G20។
លោកប្រធានាធិបតីរុស្ស៊ីរួបនេះក៏បានបន្តទៀតថា “បញ្ហាគឺថាយើង និងសហរដ្ឋអាមេរិកមិនមានកិច្ចព្រមព្រៀងស្ដីពីបត្យាប័នទៅវិញទៅមកនៃឧក្រិដ្ឋជន”។
ផ្ទុយទៅវិញ លោកពូទីនបាននិយាយបែបចំអកឲ្យសហរដ្ឋអាមេរិកវិញថា រដ្ឋាភិបាលម៉ូស្គូធ្លាប់បានអញ្ជើញរដ្ឋាភិបាលវ៉ាស៊ីតោនជាច្រើនដងក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយនេះ ប៉ុន្តែឱកាសដែលម៉ូស្គូផ្ដល់ឲ្យបែបជាត្រូវវ៉ាស៊ីតោនបដិសេធចោលទៅវិញ។
លោកបានបន្តទៀតថា “យើងមិនអាចវិនិច្ឆ័យបានទេថា លោក Snowden ពិតជាមានចេតនាប្រព្រឹត្តិបទល្មើសនេះនៅសហរដ្ឋអាមេរិក ឬមិនមែន…ប៉ុន្តែយើងជាប្រទេសមួយដែលមានកិច្ចព្រមព្រៀងអធិបតេយ្យភាពជាមួយសហរដ្ឋអាមេរិក ដូច្នេះយើងក៏មិនកាន់ជើងខាងលើដែរ គឺគ្រាន់តែផ្ដល់ឱកាសស្នាក់នៅឲ្យ Snowden ប៉ុណ្ណោះ”។
លោកបានបន្ថែមថាប្រទេសរុស្ស៊ីបានមិនបានទទួល និងមិនមានបំណងចង់ទទួលបានព័ត៌មានសម្ងាត់ណាមួយពី Snowden ឡើយ៕
មតិយោបល់