ព័ត៌មានជាតិ

ពលរដ្ឋ៣៥គ្រួសារ នៅសង្កាត់ព្រែកលៀប បានទទួល អំណោយ សម្តេចប្រធានកាកបាទក្រហមកម្ពុជា

(ភ្នំពេញ) ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំអំណោយ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន​ សែន 
ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ 
បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងសរុបចំនួន​ ៣៥គ្រួសារ ដែលស្ថិតនៅសង្កាត់ព្រែកលៀប 
ខណ្ឌជ្រោយចង្វារ​ កាលពីរសៀលថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០១៦។
ក្នុងពិធីនេះ​ បានរៀបចំធ្វើឡើងនៅវត្តសាមវ៉ារិន្ទ​ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប​ ក្រោមការអញ្ជើញចូលរួមពីលោក​ ឃ្លាំង​ 
ហួតអភិបានខណ្ឌជ្រោយចង្វារ និងជាប្រធានកិត្តិយសអនុសាខា​ កាកបាទក្រហមខណ្ឌ លោក ប្រាក់​ ចាន់ណា 
ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី​ កែវ​ច័ន្ទ​ ស៊ុនណារី​ ប្រធានអនុសាខា​ កាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ លោក​ ឡេង​ រ៉ាវង្ស​ 
និងលោក​ ធិងិ​ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងក្រុមការងារជាច្រើនរូបទៀត។​ 
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ 
និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា 
ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសេចក្តីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វី
ឡើយ បើទោះបីបងប្អូននៅបក្សណាក៏ដោយ គឺពួកគាត់យល់ពីការលំបាករបស់បងប្អូន លោកនឹងជួយឧបត្ថម្ភទាំងអស់។
លោកបានបន្តទៀតថា អំណោយដែលយកមកចែកជូនទាំងនោះ​ មិនពាក់ពន្ធ័នឹងនយោបាយនោះទេ 
គឺជាអំណោយសប្បុរសធម៌សុទ្ធសាត ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានគិតគូដល់បងប្អូនក្រីក្រងាយរងគ្រោះនៅទូទាំងប្រទេស​។
អំណោយដែលយកមកចែកជូននាឱកាសនោះ​ រួមមាននូវគ្រឿងឧបភោគ បរិភោគ 
និងថវិការដោយក្នុងមួយគ្រួសារៗបានទទួលអង្ករចំនួន​ ៣០គីឡូក្រាម មី​ ១កេស ត្រីខ​ ១យួរ ឃីត១​ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) 
និងថវិកាចំនួន៥ម៉ឺនរៀល។ ដោយព្រះចៅអធិការវត្តវ៉ារិន្ទ​ បានឧបត្ថម្ភអង្ករ​ ១៥គីឡូក្រាម មី​ ១០កញ្ចប់​ ទឹកត្រី​ ១ដប​ ទឹកស៊ីអ៊ីវ​ ១ដប និងថវិការ​ ១ម៉ឺនរៀល៕​ 

   
    
    
    
    
    
   

មតិយោបល់