ព័ត៌មានជាតិ

លួចគោគេបាន១ថ្ងៃ អស់លក្ខ័ស្អែកឡើងជាប់ខ្នោះសមត្ថកិច្ច!

បន្ទាយមានជ័យ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង ធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំង៣នាក់ រួមនឹងបក្ខពួកម្នាក់ សរុបទាំងអស់៤នាក់ នាំគ្នាធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋបានសម្រេច។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៥ ខែមេសា ឆ្នាំ២០១៧។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ លោកវរសេនេយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានចាត់កម្លាំងជំនាញក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍កូនក្រៀល ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានជាបន្តបន្ទាប់ ទី១ឈ្មោះ សុខ សុធី ហៅ ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិដើមជ្រៃ សង្កាត់អូស្មាច់។ ទី២ឈ្មោះ ដា ស៊ីណា ហៅ អូន ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ និងជនសង្ស័យទី៣ឈ្មោះ ខុន ឆៃ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន កំពុងស្រាវជ្រាវបន្ត។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំងនេះ មានការពាក់ព័ន្ធក្នុងករណីលួចគោ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង៤និង១០នាទីរសៀល នៅចំណុចទីវាលដីមាត់អូរ ស្ថិតក្នុងភូមិចម្ការចេក សង្កាត់អូស្មាច់ ដែលមានជនរងគ្រោះឈ្មោះ ហ៊ុត យៀត ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ហើយនៅក្នុង ប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចធ្វើការដកហូតបាន៖ម៉ូតូម៉ាកវ៉េវ (ម៉ូតូចាស់)ចំនួន១គ្រឿង,ទូរសព្ទដៃមួយគ្រឿង ម៉ាក AISពណ៌ខ្មៅ ,ពូថៅដៃ២ដើម,រទេះដឹកគោ ១គ្រឿង និងគោមេកាត់១ក្បាល សម្បុរស (ប្រគល់ជូនម្ចាស់វិញ)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់