ព័ត៌មានជាតិ

ហួសចិត្ត! ខ្ចីម៉ូតូមិត្តភ័ក្រមួយភ្លែត បែរយកទៅបញ្ចាំបាត់ តាមរកឃើញចាប់នាំប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ មិត្តទ្រូស្តមិត្តតែងតែកើតឡើងញឹកញាប់ ជាក់ស្តែងមានយុវជនម្នាក់ទៀតហើយ ប្រើល្បិចខ្ចីម៉ូតូមិត្តភ័ក្រ ប្រាប់ថាជិះទៅឌុបមិត្តភ័ក្រ បែរជាយកទៅបញ្ចាំបាត់ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បាត់២យប់២ថ្ងៃ ទើបនៅវេលាម៉ោង ១០និង៣០នាទីតាមស្វែងរកឃើញមុខ នៅម្តុំពោធិ៍ចិនតុង សង្កាត់កាកាប១ ចាប់ឃាត់ខ្លួននាំយកទៅប្រគល់ជូនប៉ូលិសប៉ុស្តិ៍ចោមចៅ២ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនឆបោកឈ្មោះ ហេន ហឿង ហៅម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ។ ជនរងគ្រោះឈ្មោះ ឆេង សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល បន្ទប់ក្បែរខាងគ្នា ។

ម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ។

តាមសម្តីជនសង្ស័យបានសារភាពថា ខ្លួនពិតជាខ្ចីម៉ូតូ របស់ជនរងគ្រោះពិតមែន ហើយជិះយកទៅបញ្ចាំ នៅផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយ ២៥០ដុល្លារ ស៊ីចាយអស់ ។ ជុំវិញយករបស់ទ្រព្យ (ម៉ូតូ) ទៅបញ្ចាំបានស្រួលៗយ៉ាងនេះ ជនសង្ស័យបន្តទៀតថា ងាយបំផុត ផ្ទះ ហាងបញ្ចាំ នៅទីនោះ ភាគច្រើន គ្មានសួររកឯកសារអ្វីទាំងអស់ ចង់ប្លន់ លួច ឆបោក យកពីខាងណាក៏ដោយ មិនដឹងទេ សំខាន់ឲ្យតែជិះទៅដល់ ទទួលយកទាំងអស់ តម្លៃ មើលឃើញជាក់ស្តែង តាមរបស់ ថ្មីឬចាស់ ងាយៗបំផុត សំខាន់ជិះឲ្យទៅដល់ អត់ខ្វល់ ពាក់ព័ន្ធ លួច ប្លន់ បោក ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ៕

មតិយោបល់