ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងត្រូវប្រឈមការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបំផុត ក្រោមយុទ្ធសាស្រ្តរបស់ប្រធានាធិបតីអាមេរិក

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យតឹងរឹងចំពោះទណ្ឌកម្មលើកូរ៉េខាងជើង ព្រមទាំងបង្កើនការផ្លាស់ប្ដូរនយោបាយ ក្នុងគោលបំណងដាក់សម្ពាធការទូត ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

យុទ្ធសាស្រ្តរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានប្រកាសបន្ទាប់ពីសន្និសីទពិសេសមួយ នៅចំពោះមុខសមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់ចំនួន ១០០នាក់។

កាលពីពេលថ្មីៗនេះ មេបញ្ជាការកំពូលអាមេរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិក បានដាក់ពង្រាយប្រព័ន្ធការពារ សម្រាប់ប្រឆាំងកាំជ្រួចមីស៊ីល នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ការដាក់ពង្រាយនេះ បានធ្វើទ្បើងចំពេលមានភាពតានតឹងកាន់តែខ្លាំងទ្បើង ជាមួយនឹងក្ដីព្រួយបារម្ភថា កូរ៉េខាងជើង កំពុងរៀបចំផែនការធ្វើតេស្តអាវុធថ្មីមួយទៀត។

សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយរដ្ឋលេខាធិការលោក Rex Tillerson, លោក Jim Matti រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានស៊ើបអង្កេតជាតិ លោក Dan Coats បាននិយាយថា «សហរដ្ឋអាមេរិក នឹងស្វែងរកស្ថិរភាព និងសន្តិសុខ ដោយការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា «យើងនៅតែបើកចំហ ចំពោះការចរចាឆ្ពោះទៅរកគោលដៅនោះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏យើងត្រូវតែប្រុងជើងការខ្ពស់ផងដែរ ដើម្បីការពារខ្លួនយើង និងសម្ព័ន្ធមិត្តរបស់យើង»៕

មតិយោបល់