ព័ត៌មានជាតិ

ជិះម៉ូតូជែងគោយន្តលើស្ពានមិនផុត ទៅបុកទ្រុងគោយន្តពេញទំហឹងបណ្តាលឲ្យរបួសទាំង២នាក់

បន្ទាយមានជ័យ: លោក នាយផ្នែកចរចារណ៍ នៃអធិការដ្ឋានស្រុកបន្ទាយអំពិល
បានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរស២នាក់ ជិះម៉ូតូឌុបគ្នា រួចព្យាយាមវ៉ាជែង គោយន្តតែមិនផុត ក៏ជ្រុលបុកទ្រុងគោយន្តពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៦ ត្រង់ចំណុចស្ពានទទឹងថ្ងៃ ក្នុងភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយម៉ូតូ និងគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូបានវ៉ាជែងគោយន្តតែមិនផុតនៅលើស្ពាន ក៏បានជ្រុលចង្កូតទៅបុកទ្រុងគោយន្តចំ ចំហៀងខាងក្រោយ ផ្នែកខាងឆ្វេង នៃគោយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ទាំង២នាក់រងរបួសធ្ងន់ ទី១ឈ្មោះ ហ៊ត់ និមល ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល (អ្នកបើកម៉ូតូ រងរបួសបាក់ជើងខាងស្តាំ ) និងទី២ឈ្មោះ ណុប ប៉ាក់ចន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល (អ្នករួមដំណើររបួសចំដើមទ្រូងស្តាំ បាក់ស្មាស្តាំ និងកដៃស្តាំ)។ ចំណែកអ្នកបើកបរគោយន្តឈ្មោះ សង សៀវ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិពោរឹទ្ធី ឃុំបេង ស្រុកបន្ទាយអំពិល។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទាំង២នាក់ខាងលើ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ចំណែកមធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់