ព័ត៌មានជាតិ

ខំអាណិតឲ្យធ្វើការ! បុគ្គលិកការ៉ាស់សាំង សេងរស្មី ម្នាក់បែរជាកឹបកេងលុយសរុបជិត៤លានជាប់ខ្នោះបានសម្រេច

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានថៅកែរបស់ខ្លួន ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពរំលោភលើទំនុក យកលុយរបស់ថៅកែ ទៅចាយវាយក្នុងហោប៉ៅខ្លួនឯង ជាច្រើនដង។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ស្ថិតនៅចំណុចការ៉ាស់សាំង សេងរស្មី ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង រស្មី ភេទប្រុស អាយុ៣០ឆ្នាំស្នាក់នៅភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ លក់ប្រេងនិងហ្គាស។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ាន តេម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករលក់ប្រេង និងហ្គាសស្នាក់នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា អំឡុងឆ្នាំ២០១៥ ជនសង្ស័យធ្លាប់បានចូលមកធ្វើការនៅការ៉ាស់សាំងខាងលើម្ដងមកហើយ តែក៏ឈប់ធ្វើការទៅផ្ទះវិញ។លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យមកសុំគាត់ចូលធ្វើការវិញ ដោយអាណិតទើបគាត់យល់ព្រម ដោយឲ្យជនសង្ស័យខាងលើនេះ ទទួលការងារជា អ្នកគិតលុយនិងគ្រប់គ្រងលុយលក់ប្រេងសាំងប្រចាំថ្ងៃ។ ចាប់ពីពេលនោះមកជនសង្ស័យតែងតែយកលុយរបស់គាត់រហូតមក រហូតដល់ថ្ងៃទី២៦ មេសា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានលក់ហ្គាសរបស់គាត់បានចំនួន២ធុង បាន
លុយចំនួន ៨៦,៨០០រៀល តែមិនយកមកទូទាត់ឲ្យគាត់នោះទេ ទើបគាត់ឃាត់ខ្លួនជនសង្ស័យខាងលើ ឲ្យទៅសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៧ ខ្លួនបានបន្លំយកលុយជនរងគ្រោះ តាមរយ: ការកែវិក័យប័ត្រ គិតលុយសរុបទាំងអស់ចំនួន ៣,៨៧៥,២០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់