កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ត្រូវរថយន្តមិនចាំម៉ាក បើកក្នុងល្បឿនលឿនបុកពេញទំហឹង បណ្តាលឲ្យផ្លោងអ្នកបើកបរស្លាប់នៅលើស្ពានយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានព្រែកតាម៉ាក់ ផ្លូវជាតិលេខ៨ ក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកជាផ្ទុបម៉ូតូសេ១០០ កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ ដែលកំពុងបើកបរដោយឈ្មោះ ដុំ ធី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងធ្វើដំណើរពីកើតទៅលិច ពេញទំហឹងបណ្ដាលឲ្យបើកម៉ូតូបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តវិញគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕
មតិយោបល់