ភ្នំពេញៈ ទីបំផុតទៅគ្រួសាររបស់ជនរងគ្រោះ ឈ្មោះ ធឿន ទីន ភេទប្រុស អាយុ២៦ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវបាញ់ស្លាប់ក្នុងករណីបង្ក្រាបការករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ បានដាក់ពាក្យបណ្តឹងលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ និងជនដៃដល់ ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខេត្តតាកែវ ទៅតុលាការខេត្តមួយនេះហើយ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថាគ្រួសារជនរងគ្រោះ បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។
លោក ផាន់ សុភ័ក្រ អ្នកនាំពាក្យអយ្យការអមតុលាការខេត្តតាកែវ និងតំណាងអយ្យការកាន់សំណុំរឿងផ្ទាល់ បានបញ្ជាក់តាម Telegram នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះ តំណាងអយ្យការបាន ចេញដីកា កោះអញ្ជើញអ្នកពាក់ព័ន្ធអស់ហើយ ពោលគឺនៅរង់ចាំដល់ថ្ងៃចូលឆ្លើយតែប៉ុណ្ណោះ។
លោកបានបន្តថា តំណាងអយ្យការមិនទាន់ចេញដីកា ចាប់ខ្លួនជនសង្ស័យ ជាមន្ត្រីនគរបាល នៅឡើយទេ គឺគ្រាន់តែចេញដីកាកោះឲ្យចូលខ្លួនមកឆ្លើយតាមនីតិវិធីអយ្យការសិន។
លោកបញ្ជាក់ថា មកដល់ពេលនេះនៅមិនទាន់មានឈ្មោះ ជនបង្កជាមន្ត្រីនគរបាលនៅឡើយទេ ដោយសារមិនទាន់បានស៊ើបអង្កេតនៅមូលនៅឡើយ។
ដោយឡែក ចំពោះលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដែលបានចុះសម្របសម្រួលករណីបង្ក្រាបគ្រឿងញៀនខាងលើនោះ ហើយត្រូវគ្រួសារជនរងគ្រោះប្តឹងផងដែរនោះ លោក ផាន់ សុភ័ក្រ បានអះអាងថា ការដឹកនាំរបស់អយ្យការឲ្យបង្ក្រាបបទល្មើសនោះ អយ្យការគ្មានបទល្មើសទេ។
គួររំលឹកថា កាលពីល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧កន្លងទៅ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីបង្ក្រាបការជួញដូរគ្រឿងញៀន មួយបណ្តាលឲ្យជនសង្ស័យម្នាក់ ឈ្មោះ ធឿន ទីន ភេទប្រុស អាយុ២៦ឆ្នាំ បានរងពីការបាញ់របស់កម្លាំងសមត្ថកិច្ច និងបណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ការចុះបង្ក្រាប និងរហូតដល់មានការបាញ់សម្លាប់ ជនសង្ស័យខាងលើ សមត្ថកិច្ចពុំបានរកឃើញ ភស្តុតាងជាគ្រឿងញៀន ដើម្បីបញ្ជាក់ថាជនសង្ស័យដែលស្លាប់ជាអ្នកជួញដូរគ្រឿងញៀននោះទេ៕
មតិយោបល់