ព័ត៌មានជាតិ

Update៖ កម្មការីនីម្នាក់ដើរចេញពីធ្វើការ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ: កម្មការីនីរោងចក្រម្នាក់ ក្រោយពីដើរចេញពីកន្លែងធ្វើការ ត្រូវរថយន្តមិនស្គាល់ម៉ាកបានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចចន្លោះពីស្ពានលេខ១០ មុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ងួន ស៊ីថា ភេទស្រី អាយុ៥២ឆ្នាំ មានមុខរបរកម្មការីនីរោងចក្រទឹកក្រូច មានកូនស្រីចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ និងមានប្តីឈ្មោះ គិន សារ៉ូម ហៅទូច អាយុ៥៣ឆ្នាំ មានមុខរបរ យាមរោងចក្រទឹកក្រូចជាមួយគ្នា បច្ចុប្បន្នអ្នកទាំងអស់គ្នាមានទីលំនៅកន្លែងកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការរោងចក្រ គោលបំណងដើរទៅទិញម្ហូបដើម្បីហូបបាយជាមួយប្តី ខណ:ពេលទិញម្ហូបរួចបានដើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះដើរមកដល់ចំណុចខាងលើ ក៏បានឃើញរថយន្តតាក់ស៊ីចំនួន ២គ្រឿងមិនចាំម៉ាក បានបើកបរតាមផ្លូវជាតិលេខ៦ ចេញពីភ្នំពេញទៅខេត្តក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាជាមួយជនរងគ្រោះដែលកំពុងតែដើរ ដោយបានបើកវ៉ាគ្នាក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏រេចង្កូតទៅបុកជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹងដួលបោកទៅនឹងថ្នល់កៅស៊ូ រួចហើយថែមបើកកិនពីជនរងគ្រោះបណ្តោយឲ្យបាក់ជើងខាងស្តាំម្ខាង និងកិនក្បាលបែកធ្លាយខួរចេញមកក្រៅបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។

ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់សម្រាល ដោយបន្សល់ទុកតែសពជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។

បន្ទាប់មកក្រុមគ្រួសារសព និងបងប្អូនប្រពលរដ្ឋបាននាំគ្នាជួយលើកសាកសពជនរងគ្រោះយកទៅគេហដ្ឋាន ដែលនៅក្បែរកន្លែងកើតហេតុខាងលើ ដើម្បីឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់