កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ត្រង់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ីម ហៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
មុនឈានដល់ការចាប់ឃាត់ខ្លួន សមត្ថកិច្ចបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ដោយទទួលបានបទបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពី លោក ស្នងការរង ទទួលផែន ប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ជនសង្ស័យ បានរកឃើញ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន២៣ កញ្ចប់ និង ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន ចំនួន ២៣ កញ្ចប់ ពីឈ្មោះ ឈិន ថាន ភេទ ប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិក្បាលកោះលិច ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៣០០ ដុល្លារ ដើម្បីយកទៅលក់បន្ត ពិតប្រាកដមែន។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តន៍ តាមនីតិវិធីច្បាប់៕
មតិយោបល់