ព័ត៌មានជាតិ

បាត់ខ្លួន៧ថ្ងៃ ប្រទះឃើញសាកសពស្លាប់នៅក្នុងលូទឹកស្អុយ ហើយថែមទាំងមានក្លិនហើមស្អុយទៀតផង

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានបុរសដែលជាជនជាតិវៀតណាមម្នាក់មានជំងឺសរសៃប្រាសាទ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតនៅក្នុងលូទឹកស្អុយ ហើយថែមទាំងមានក្លិនស្អុយទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចក្នុងបុរី មហាសេដ្ឋី តាមបណ្តោយផ្លូវរថភ្លើង ក្រុម១២ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក តូច គីមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ប៉ែង ដាំង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ក្រុម៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះខាងលើមានជំងឺសរសៃប្រាសាទ ហើយតែងតែផឹកស្រាជាប្រចាំរហូត។ ស្រាប់តែនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរចេញពីផ្ទះ នៅវេលាម៉ោង២និង១០នាទីរសៀល ដោយមិនដឹងថាជនរងគ្រោះដើរទៅណានោះទេ រហូតមកដល់យប់ថ្ងៃដដែរ ក្រុមគ្រួសារមិនបានឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញទេ។ ដោយមានការសង្ស័យទើបនាំគ្នាដើររកជនរងគ្រោះរហូតនៅតែមិនឃើញ ហើយក៏មិនដឹងថាទៅណាដែរ។

រហូតដល់ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី មានគេប្រទះឃើញសាកសពបុរសម្នាក់អណ្តែតនៅក្នុងលូទឹកស្អុយ ខណៈដែលអាជ្ញាធរសង្កាត់ឫស្សីកែវ ដឹកនាំកម្លាំងប្រជាការពារ ចុះស្តាលូស្ទះ ហើយក៏បាននាំគ្នាបើកគំរបលូមានក្លិនស្អុយ ភ្លាមៗនោះ ក៏បានប្រទះឃើញសាកសពបុរសជនរងគ្រោះខាងលើតែម្តង។

ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងនគរបាលខណ្ឌឫស្សីកែវ រួមនិងកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា ជាករណីលង់ទឹកស្លាប់។

ក្រោយពីពិនិត្យកោសល្យវិច័យរួចមក សមត្ថកិច្ចបានធ្វើការប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តទួលអស់លោក៕

មតិយោបល់