ព្រះសីហនុៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូស្តេបបុកម៉ូតូហុងដា បណ្តាលឲ្យរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ២០៧-២០៨ មុខសាលាបឋមសិក្សាស្មាច់ដែង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ អ៊ុក ទីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកសិករ របួសបាក់ភ្លៅខាងស្ដាំ ,ទី២ឈ្មោះហួត ព្រឹម ភេទប្រុស ជានគរបាលស្រុកព្រៃនប់ របួសដាច់មាត់ រលាត់ដៃ ជើង និងទី៣ឈ្មោះ នី សារ៉ាត់ ភេទប្រុស ជានគរបាលចរាចរស្រុកព្រៃនប់ រងរបួសរលាត់មុខ ដៃ ជើង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកស្តេប ពណ៌ផ្កាឈូក គ្មានស្លាកលេខ ជិះឆ្លងថ្នល់ពីត្បូងទៅជើង បានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1D-1843 ជិះចេញពីវាលរេញទៅខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសទាំង៣នាក់តែម្តង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍ឃុំរាម រង់ចាំការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕
មតិយោបល់