ព័ត៌មានជាតិ

ហាយឡែនឌ័រ បុកម៉ូតូអូសរម៉កពេញទំហឹងបណ្តាលឲ្យមនុស្ស៦នាក់របួស

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តហាយឡែនឌ័របុកអូសម៉ូតូរម៉កពីក្រោយ បណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់និង២នាក់របួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា ជនរងគ្រោះ ទី១អ្នកជិះម៉ូតូរម៉កឈ្មោះ ជៀម ធី អាយុ៥០ឆ្នាំ ភេទប្រុស រងរបួសធ្ងន់,ទី២ឈ្មោះ ហ៊ីង ស៊ីនួន អាយុ៣០ឆ្នាំ ភេទស្រី រងរបួសស្រាល ត្រូវជាប្រពន្ធ ,ទី៣ឈ្មោះ ជី ស្រីពេជ្រ អាយុ ១២ឆ្នាំ ភេទស្រី ត្រូវជាកូន របួសស្រាល ,ទី៤ឈ្មោះ ជី ស្រីនីន អាយុ៧ឆ្នាំ ភេទស្រី ត្រូវជាកូន រងរបួសធ្ងន់,ទី៥ឈ្មោះ ជី ស្រីនាង អាយុ៤ឆ្នាំ ភេទស្រី ត្រូវជាកូន របួសស្រាល និងទី៦ឈ្មោះ សោម សុភ័ណ្ឌ អាយុ៥៨ឆ្នាំ ភេទស្រី របួសធ្ងន់ ត្រូវជាម្តាយក្មេក អ្នកទាំងអស់រួមដំណើរជាមួយម៉ូតូសណ្តោងរម៉ក មានទីលំនៅ ភូមិរ៉ាជង្រុក ឃុំត្នោតជ្រុំ ស្រុកក្រគរ ខេត្តបាត់ដំបង។ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តបង្កម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ2 AJ-4440 ពណ៌ទឹកមាស បើកបរឈ្មោះ សិទ្ធ សូរ អាយុ៣០ឆ្នាំ ភេទប្រុស នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូជនរងគ្រោះម៉ាក ដាលីម សេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានផ្លាកលេខ ពីកើតទៅលិច ពីក្រោយអូសតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់