ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម បន្ទាប់ពីបាន ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីកវ៉ាជែងនឹងរថយន្តមួយគ្រឿង ដែលធ្វើដំណើរនៅខាងមុខខ្លួន មិនប្រយត្ន័ក៏ត្រូវរថយន្តសុំាយ៉ុង១២កៅអី បើកបុកនិងកិនពេញទំហឹង អូសជាង ២០០ម៉ែត្រ បណ្តាលឲ្យស្លាប់ក្រោមកង់រថយន្តតែម្ដង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមានវ័យប្រមាណ២០ឆ្នាំតិចតួច ស្លៀកខោខ៉ូវប៊ូយ ជើងវែង និងអាវសយឺតដៃខ្លី ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1B-1067។
ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក្បែរនឹងសំណង់បុរីរបស់លោកស្រី ស៊ុយ សុផាន ជនរងគ្រោះបានជិះវ៉ាជែងនឹងរថយន្តធំមួយគ្រឿងមិនចាំម៉ាក ដែលកំពុងធ្វើដំណើរនៅពីមុខខ្លួន មិនប្រយត្ន័ត្រូវបានរថយន្តសុំាយ៉ុង១២កៅអីមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-3246 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនដូចគ្នាទិសដៅបញ្ច្រាសទិសគ្នា បានបើកបុកចំពីមុខពេញ ទំហឹងកិននិងអូសទាំងម៉ូតូទាំងមនុស្ស ជាង២០០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូដួលបត់ខ្លួនជា២ទៅ៣កំណាត់ ដេកស្លាប់ក្រោមផ្នែកខាងមុខនៃរថយន្ត គៀបជាប់ជាមួយម៉ូតូ មើលទៅគួរឲ្យរន្ធត់ ។
ប្រភពព័ត៌មានឲ្យដឹងថាបន្ថែមថា ម៉ូតូរបស់ជនរងគ្រោះ គឺគ្មានអំពូលភ្លើងចង្កៀងខាងមុខ សម្រាប់បំភ្លឺផ្លូវឡើយ ខណៈមកដល់ចំណុចខាងលើ ម៉ូតូបានវ៉ារថយន្តធំនៅមុខខ្លួន ដោយឡយមកផ្លូវខាងរថយន្តទៅហើយ ជាហេតុនាំឲ្យរថយន្តដែលកំពុងបើកបរលឿន គ្មានជំហរក្នុងការចាប់ហ្វ្រាំង ក៏បុកកិននិងអូសជាង ២០០ម៉ែត្រស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែង អូសយកទាំងរថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច សម្រេចដឹកយក ទៅតម្កល់ទុកនៅវត្តទឹកថ្លាបណ្តោះអាសន្ន រង់ចាំ ទំនាក់ទំនងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់