ព័ត៌មានជាតិ

បង្កហិង្សាក្នុងគ្រួសារ ឪពុកម្តាយទ្រាំមិនបានមកប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ភ្នំពេញ: យុវជនម្នាក់បង្កហិង្សាក្នុងគ្រួសារ ដោយវាយម្តាយនិងឪពុក ចុងក្រោយឪពុកទ្រាំលែងបាន មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យចាត់ការតាមនីតិវិធី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលបង្កហិង្សាក្នុងគ្រួសារនោះមានឈ្មោះ នួន ភារុន អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះជាឪពុកឈ្មោះ នួន ស៊ីណា អាយុ៤៨ឆ្នាំ មុខរបររត់រម៉កកង់បី ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភព័ត៌មានពីបុរសជាឪពុកបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់នៅក្នុងផ្ទះបានឃើញ ទូរសព្ទម៉ាកហូវ៉េ មួយគ្រឿង បែកអេក្រង់នៅលើតុ ហើយក៏បានសួរទៅកូនឈ្មោះ នួន ភារុន ថាហេតុអីបានទូរសព្ទបែក ខណ:នោះកូនឆ្លើយប្រកែកថាឪឯងឈ្លោះ អញប៉ុន្មានដងទៀត។ ពេលនោះកូនប្រុស ក៏ស្ទុះទៅយកដុំថ្មបម្រុងគប់ឪពុក ប៉ុន្តែប្រពន្ធរបស់គាត់ត្រូវជាម្តាយជនបង្កស្ទុះទៅចាប់ទាន់ ហើយជនបង្កបានដាល់ម្តាយចំថ្គាមខាងឆ្វេងបណ្តាលឲ្យហើម និងដាល់ចំកញ្ចឹងក និងក្បាលជាច្រើនដៃ។ ចំណែកបុរសជាឪពុកក៏ត្រូវកូនដាល់ចំកញ្ចឹងកដែរខណ:ពេលនោះមានកូនផ្សេងទៀតបានស្ទុះទៅជួយចាប់ជនបង្ក ហើយរូបគាត់និងប្រពន្ធក៏ប្រញ៉ាប់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យឃាត់ខ្លួនជនសង្ស័យជាកូននៅកន្លែងកើតហេតុតែម្តង។

គួររំលឹកថា ជនសង្ស័យជាកូនខាងលើនេះ ធ្លាប់បានវាយម្តាយឲ្យសន្លប់ម្តងដែរតែពួកគាត់មិនចាំថ្ងៃនោះទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដើម្បីសួនាំនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់