ព័ត៌មានជាតិ

ពលរដ្ឋទទួលរងគ្រោះធម្មជាតិ៣គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បាននាំយកបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ និងជនចាស់ជរាចំនួន៣គ្រួសារនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

អំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី២កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ស្ករស៣គីឡូក្រាម ទឹកសុទ្ធ១កេស និងសម្ភារៈផ្ទះបាយ១ឈុតធំ និងថវិកា១៥ម៉ឺនរៀល។

ក្នុងឱកាសនោះផងដែរ លោក ថេង សុថុល បានមានប្រសាសន៍បញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។លោកបន្តថា អំណោយទាំងនេះ បើទោះមានតិចតួចមិនអាចអំពេញនូវតម្រូវការរបស់បងប្អូនបានក៏ពិតមែន តែក៏អាចជួយបងប្អូនបានមួយគ្រាផងដែរ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលអំណោយនាឱកាសនេះ បានសម្ដែងនូវក្ដីរីករាយ និងមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារដែលលោកតែងតែយកចិត្តទុក្ខដាក់គិតគូរដល់ការរស់នៅ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថា សាសនា និន្នាកានយោបាយ ជាតិសាសន៍ណា ឬពណ៌សម្បុអ្វីឡើយ គឺសម្ដេចតែងតែជួយឧបត្ថម្ភជានិច្ច៕

មតិយោបល់