ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ដែលរស់នៅក្នុងបុរីញូថោន ផឹកស្រាស្រវឹងបានស្រែកឡូឡានិងទាញ់កាំបិតប៉័ងតោ២ដើម ដេញកាប់ប្រជាពលរដ្ឋខ្មែរនិងចិនគ្នាឯង ដែលរស់នៅក្បែរគ្នាផ្អើលពេញបុរីញូថោនទាំងយប់ ត្រូវសមត្ថកិច្ចនាំមកប៉ុស្តិ៍នគរបាលចោមចៅ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៧ស្ថិតនៅក្នុង បុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បុរសខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ បុរសជនជាតិចិនដែលជាជនសង្ស័យខាងលើ បានអង្គុយផឹងស៊ីនៅផ្ទះល្វែង ក្នុងបុរីញូថោនដែលជាកន្លែងស្នាក់នៅរបស់ជននោះ លុះផឹកស្រវឹងជោកជាំបានស្រែកឡូឡាជេរគេជេឯងនិងអុកឡុក បានយកកាំបិតប៉័ងតោ២ដើមដេញកាប់ទាំងប្រជាពលរដ្ឋខ្មែរនិងចិនដែលរស់នៅក្បែរនោះ ផ្អើលពេញបុរីញូថោន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុនាំជនខាងលើមកដាក់នៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យស្វាងស្រានិងធ្វើការអប់រំឲ្យត្រឡប់ទៅវិញ៕


មតិយោបល់