ព័ត៌មានជាតិ

អនីតិជនក្មេងទំនើងម្នាក់ យកកាំភ្លើងបាញ់រះផ្អើលក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជ្រៅ បានធ្វើការឃាត់ខ្លួន អនីតិជនជាក្មេងទំនើងម្នាក់ ស្ថិតនៅចំណុចភូមិកូបតូច ឃុំគត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កជម្លោះ និងបានយកកាំភ្លើងបាញ់រះយ៉ាងអាណាធិបតេយ្យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលឃាត់ខ្លួនមានឈ្មោះ បាង វីង អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិកូបតូច ឃុំគត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបន្តទៀតថា ក្មេងទំនើងខាងលើនេះបានបង្កជម្លោះ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិ និមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានឈានទៅដល់ការបាញ់រះ ទៅលើគូជម្លោះផងដែរ ប៉ុន្ដែបានបង្កឲ្យពលរដ្ឋម្នាក់រងរបួស។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវរកប្រភពអាវុធ ដែលជនសង្ស័យបានយកមកប្រើប្រាស់ និងស្វែងរកបក្ខពួក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់