កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។
ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ដេប៉ូប្រេងឥន្ធនៈតេលា ភូមិអរិយក្សត ឃុំអរិយក្សត ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១ឈ្មោះ ណាក់ និត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២ឈ្មោះ ពយ មាស ភេទប្រុស អាយុ២0ឆ្នាំ មុខរបរកសិករ ទីលំនៅ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ក្នុងនោះដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន២ កញ្ចប់ មធ្យម១កញ្ចប់ និងកញ្ចប់តូច១, ម៉ូតូ ១គ្រឿង ម៉ាកMSX ស្លាកលេខ ភ្នំពេញ1FS-2408, ទូរសព្ទ ម៉ាកណូគា ១២៨០ចំនួន ១ គ្រឿង និងប្រាក់រៀល១០០រៀល។
មុនឈានដល់ការចាប់ឃាត់ជនសង្ស័យខាងលើ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ធ្វើការពួនស្ទាក់ឃ្លាំមើលមុខសញ្ញា ក៏បានឃើញមុខសញ្ញានៅចំណុចកើតហេតុ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់ធ្វើការត្រួតពិនិត្យ ឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន២ កញ្ចប់ រួមជាមួយវត្ថុតាងខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕







មតិយោបល់