សៀមរាបៈ ដូនតា បានបន្សល់ទុកនូវទំនៀមទម្លាប់ ពិធីបួងសួងសុំទឹកភ្លៀងហើយកូនចៅជំនាន់ក្រោយ តែងប្រារព្ធសុំទឹកភ្លៀងជាប្រចាំទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តីតែគេសង្ឃឹមថា ភ្លៀងនឹងធ្លាក់ ក្រោយពីធ្វើពិធីបួងសួងសុំហើយ។ តាមរូបដែលមកចូលសណ្ឋិត ប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត។ នេះជាប្រសាសន៍រៀបរាប់របស់ លោក យាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ កាលពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ ២០១៦។
ពិធីសុំទឹកភ្លៀងឆ្នាំនេះមិនទាន់ បានទទួលទឹកភ្លៀងភ្លាមៗ តាមការសុំឡើយ ដែលខុសប្លែកពីឆ្នាំមុនៗ គ្រាន់តែធ្វើពិធីបួងសួងសូត្រមន្តមិនទាន់ចប់ផងមហាមេឃក៏បង្អុរភ្លៀងចុះមករកតែកន្លែងជ្រកមិនចង់បាន។ ទោះជាយ៉ាងនេះក្តី លោកយាយវឿន ដែលដឹកនាំកម្មវិធីនេះ រៀបរាប់ទាំងក្តីសង្ឃឹមថា ទោះជាថ្ងៃនេះ មិនទាន់ភ្លៀង យ៉ាងយូរពីរបីថ្ងៃទៀតភ្លៀង នឹងធ្លាក់ចុះមកមិនខាន។
លោក យាយ វឿន រៀបរាប់ថា លោកយាយធ្លាប់មកធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នេះតាំងពីនៅក្មេងមកម្ល៉េះដោយកាលនោះ លោកយាយ មកជាមួយនឹងតារបស់គាត់ដែលមានអាយុជាង១០០ឆ្នាំ។
លោកយាយ បន្តថា ទីនេះ សក្ដិសិទ្ធិណាស់ឲ្យតែសុំទឹកភ្លៀងគឺដឹងតែបានហើយ។“ពេលខ្លះ សូម្បីយើងមិនទាន់ដឹងថា វាអាចនឹងមានភ្លៀងតិចឬច្រើនសម្រាប់ធ្វើស្រែក៏ដោយក៏យើងនៅតែធ្វើពិធីសុំដែរ ព្រោះបើមិនធ្វើពិធីសុំទេ ក្រែងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ”។
តាមការសង្កេតឆ្នាំនេះ ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់ មកពីភូមិផ្សេងៗដូចជា ភូមិភ្លង់ លាងដៃ តាប្រុកជាដើម បានមកជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងរយៈពេលមួយយប់ពីរថ្ងៃ៕
មតិយោបល់