ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ជួញដូរគ្រឿងញៀនពេលរាត្រីត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន ដកហូតថ្នាំញៀន២កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ មានឈ្មោះ មួន គុណធាង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដកហូតបានថ្នាំញៀន២កញ្ចប់។ ចំណែកម្នាក់ទៀតដែលរត់គេចខ្លួននោះមានឈ្មោះ ផាន់ សុភ័ស្ស ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍គគីរបានចុះល្បាតក្នុងភូមិសាស្ត្រ របស់ខ្លួន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងឈរនិយាយគ្នាជាមួយឈ្មោះ ជាតិ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ឃើញដូច្នេះកម្លាំងប៉ុស្តិ៍បានឈប់ម៉ូតូដើម្បីសួរនាំស្រាប់តែឈ្មោះ ជាតិ ភេទប្រុស បានរត់គេចខ្លួន ចំណែកឯឈ្មោះ មួន គុណធាង ភេទប្រុស ត្រូវបានកម្លាំងប៉ុស្តិ៍គគីរឃាត់និងឆែកឆេររកឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូចនៅនឹងខ្លួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មួន គុណធាង បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន២កញ្ចប់តូចនេះ ជារបស់ឈ្មោះ ផាន់ សុភ័ស្ស (ត្រូវជាបងជីដូនមួយរបស់ខ្លួន) បានប្រើឲ្យខ្លួនយកទៅលក់ឲ្យឈ្មោះ ជាតិ ហើយរូបគេធ្លាប់កាន់ថ្នាំញៀនលក់ឲ្យឈ្មោះផាន់ សុភ័ស្ស ជាច្រើនលើកមកហើយ ដោយឈ្មោះផាន់ សុភស្ស័ ឲ្យលុយថ្លៃកាន់ថ្នាំញៀនលក់ក្នុងមួយលើកចាប់ពី ១០,០០០រៀល ទៅ២០,០០០រៀល រួចកម្លាំងនគរបាលប៉ុស្តិ៍គគីរ ក៏បានបញ្ជូនជនសង្ស័យឈ្មោះមួន គុណធាង និងវត្ថុតាមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់