ព័ត៌មានសេដ្ឋកិច្ច

គម្រោងស្ពានថ្មី នឹងតភ្ជាប់ពីជ្រោយចង្វារ-កោះដាច់-អរិយក្សត្រ-ផ្លូវជាតិលេខ១

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេជាច្រើន ធ្វើជាផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយ កាលពីម្សិលមិញនេះ របស់ ទីភ្នាក់ងារសារព័ត៌មានជាតិ។

គម្រោងស្ពានថ្មីៗនេះ នឹងតភ្ជាប់ពីជ្រោយចង្វារមកកោះដាច់ ពីកោះដាច់ទៅអរិយក្សត្រ និងពីអរិយក្សត្រទៅផ្លូវជាតិលេខ១ ដើម្បីសម្រួលដល់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ហើយគម្រោងនេះ កំពុងស្ថិតការសិក្សាហើយ។

គួររម្លឹកដែរថា ស្ពានថ្មីឆ្លងទន្លេមេគង្គ ចំនួន ២ខ្សែ នឹងត្រូវសាងសង់នៅពេលខាងមុខនេះ ដើម្បីតភ្ជាប់ពី ជ្រោយចង្វារ ទៅស្វាយជ្រុំ​ និងពីអរិយក្សត្រទៅក្តីតាកុយ។ នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានថ្មីទាំង ២ខ្សែនេះ នឹងបំពេញនូវចន្លោះខ្វះខាត នៃផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរបាន ដោយពុំចំាបាច់ចូលក្រុងនោះឡើយ។

បច្ចុប្បន្ន គម្រោងស្ពាននេះ កំពុងស្ថិតក្រោមការសិក្សា និងកំពុងរកប្រភពថវិកា ហើយរដ្ឋាភិបាល នឹងធ្វើជូនប្រជាពលរដ្ឋជាដាច់ខាត៕

មតិយោបល់