ព័ត៌មានជាតិ

ដុតបំផ្លាញចោលម៉ាស៊ីនត្រង់សឺន័រ៣គ្រឿង ទុកជាការព្រមាន ដល់អ្នកកាត់ឈើខុសច្បាប់

ស្ទឹងត្រែងៈ ប្រជាសហគមន៍ការពារព្រៃឈើ បានចាប់ដកហូតម៉ាស៊ីនត្រង់សឺន័រ ចំនួន៣គ្រឿង ពីប្រជាពលរដ្ឋដូចគ្នារស់នៅភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសាន រួចធ្វើការដុតបំផ្លាញចោល ទុកជាការព្រមានដល់អ្នកកាត់ឈើដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី២៦ កក្កដា២០១៦ម្សិលមិញនេះ។

ប្រជាសហគមន៍បាននិយាយថា ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំស្រែគរបាននាំគ្នាចុះចាប់ម៉ាស៊ីន ត្រង់សឺន័រចំនួន៣គ្រឿង ដែលកំពុងលួចចូលអារឈើក្នុងដែនការពាររបស់សហគមន៍ បន្ទាប់មកក៏នាំមកអ្នកភូមិបានពិភាក្សានិងចងក្រង ឯកសារ ជាក្រុមរួមមានការដឹងឮពីអាជ្ញាធរឃុំលុះក្រោយមកគេបានសម្រេចផុតបំផ្លាញចោល ដោយមិនប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។

ពាក់ព័ន្ធករណីនេះ លោក សៀក មេគង្គ មេឃុំស្រែគរបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋខាងលើមិនមែនជាសមាជិកសហគមន៍ ទទួលស្គាល់ស្របច្បាប់ទេ គ្រាន់តែកន្លងមកមានអង្គការ មួយចំនួនធ្លាប់ហៅពួកគេ ជាប្រជាពលរដ្ឋធម្មតាឲ្យទៅចូលរួមសិក្ខាសិលាជាញឹកញាប់ដឹងច្បាប់បន្តិចបន្តួចយកសិទ្ធផ្ទាល់ខ្លួនទៅប្រើប្រាស់និងបង្កើតជាក្រុម ដូចជា ក្រ សោម សហគមន៍យ៉ាងដូច្នោះដែរ។

លោកមេឃុំបានបន្តថា បន្ទាប់ពីពួកគេចាប់ដកហូតម៉ាស៊ីនត្រងសឺន័រចំនួន៣គ្រឿងនោះ ពួកគេបានមកប្រាប់ ដល់លោក ព្រមទាំងបានធ្វើឯកសារកំណត់ហេតុរួមគ្នាផងដែរ។ បន្ទាប់មកលោក បានពន្យល់អំពីច្បាប់ ទៅកាន់ពួកគាត់ថា នឹងត្រូវប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ថែរក្សាទុកយើងមិនអាច ធ្វើអ្វីខុសពីនេះបានទេ តែពួកគាត់មិនព្រមស្តាប់ តាមការណែនាំនោះឡើយ ផ្ទុយទៅវិញពួកគាត់ បានសម្រេច ទាំងកម្រោលត្រូវតែកម្ទេចចោល៕

មតិយោបល់