ព័ត៌មានជាតិ

អាជ្ញាធរថា ផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេក្បែរស្ពានជ្រោយចង្វារថ្មី ជាបែត្រីពលរដ្ឋអ៊ីស្លាមត្រូវការសង្គ្រោះ

ភ្នំពេញ: ក្រោយពីមានការបង្ហោះរូបភាព និងសារមួយជាអក្សរមួយចំនួនរបស់ក្រុមអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងសកម្មភាពបណ្ដែតផ្ទះចល័តលើផ្ទៃទឹកទន្លេសាបក្បែរស្ពានជ្រោយចង្វាថ្មី ប៉ែកខាងជើងនោះ អាជ្ញាធររាជធានីភ្នំពេញ និងខណ្ឌដែលពាក់ព័ន្ធបានចេញមុខអះអាងស្រដៀងៗគ្នាថា ផ្ទះដែលបងប្អូនប្រជាពលរដ្ឋមើលឃើញអណ្ដែតលើផ្ទៃទឹកនោះ មិនមែនជាផ្ទះពលរដ្ឋវៀតណាមទេ ប៉ុន្តែជាបែត្រីរបស់បងប្អូនខ្មែរអ៊ីស្លាម មកពីសង្កាត់៣នៃខណ្ឌឬស្សីកែវ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងតាមទូរសព្ទថា ផ្ទះទាំងអស់នោះ ជាបែត្រីចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម ប្រមាណជាជាង១០០គ្រួសារ មកពីសង្កាត់ច្រោះចំរេះ១ ច្រាំងចំរេះ២ និងគីឡូម៉ែត្រលេខ៦ ដែលបានជួបប្រទះភាពកង្វះអុកស៊ីសែន ធ្វើឲ្យត្រីចិញ្ចឹមរបស់ពួកគាត់ងាប់ ទើបពួកគាត់បានផ្លាស់ទីរកកន្លែងសុវត្ថិភាពសម្រាប់ត្រីមួយរយ:សិន។

លោកបន្ដថា ប្រជាពលរដ្ឋទាំងអស់នោះ មិនមែនជាអ្នកចំណូលថ្មីទេ គឺជាប្រជាជនចាស់ ដែលរស់នៅក្នុងសង្កាត់ទាំង៣ខាងលើ ហើយអាជ្ញាធររាជធានីភ្នំពេញ នឹងចុះទៅពិនិត្យ និងរៀបចំរបាយការណ៍ជូនក្រសួងពាក់ព័ន្ធដើម្បី សម្របសម្រួលឲ្យពួកគាត់ត្រលប់ទៅរស់នៅកន្លែងដើមវិញ។

ដោយឡែកលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់តាមទូរសព្ទថា ពិតជាមានបែត្រីរបស់បងប្អូនប្រជាពលរដ្ឋអ៊ីស្លាមពីមកពីសង្កាត់ច្រោះចំរេះ១ ច្រាំងចំរេះ២ និងគីឡូម៉ែត្រលេខ៦ នៃខណ្ឌឬស្សីកែវ ផ្លាស់ទីមករកទឹកជ្រៅក្បែរស្ពានជ្រោយចង្វារមែន ដោយសារតែទីតាំងចាស់នោះ ទឹករាក់ និងមិនមានអុកស៊ីសែនគ្រប់គ្រាន់ និងក្តៅ ធ្វើឲ្យត្រីប្រជាពលរដ្ឋចិញ្ចឹម ងាប់អស់ជាច្រើនតោន ទើបពួកគាត់ត្រូវបង្ខំចិត្តផ្លាស់ទីតាំងបែត្រី ជាបណ្ដោះអាសន្នសិន។

លោកបន្ថែមថា នៅពេលស្ថានភាពល្អប្រសើរវិញ បែត្រីទាំងនោះនឹងត្រលប់ទៅវិញហើយ។

យើងមិនអាចសុំការបញ្ជាក់បន្ថែមពីលោក កែវ ពិសី អភិបាលខណ្ឌឬស្សីកែវ ដែលមានភារកិច្ចគ្រប់គ្រង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំងអស់នោះបានទេ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ ព្រោះទូរសព្ទដៃលោក ហៅចូល ប៉ុន្តែគ្មានអ្នកទទួល៕

មតិយោបល់