ព័ត៌មានសុខភាព

ទោះជាឆ្ងាញ់យ៉ាងណា ហាមញ៉ាំពងទាកូន ឲ្យលើសពី២គ្រាប់ក្នុងមួយសប្តាហ៍

ពងទាកូន ជាអាហារពេលល្ងាច ដែលពេញនិយមយ៉ាងខ្លាំងចំពោះប្រជាពលខ្មែរគ្រប់វ័យ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយប៉ូវកម្លាំង និងមានតម្លៃថោកសមរម្យថែមទៀតផង។ ប៉ុន្តែការទទួលទានពងទាកូនច្រើនពេក អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងកើតជំងឺជាច្រើន។

បើយោងតាមគេទំព័រ soha បានឲ្យដឹងថានៅក្នុងពងទាមួយគ្រាប់ មានផ្ទុកថាមពល១៨២គីឡូកាឡូរី ជាតិប្រូតេអ៊ីន១៣.៦ក្រាម ជាតិខ្លាញ់១២.៤ ក្រាម ជាតិកាល់ស្យូម៨២មីលីក្រាម ផូស្វ័រ២១២ក្រាម កូឡេស្តេរ៉ុល៦០០មីលីក្រាម និងក្រុមវីតាមីន A B C និងជាតិដែកជាច្រើន។ ទាំងនេះហើយជាមូលហេតុ ដែលអាចបង្កើនជាតិប្រូតេអ៊ីនហួសកម្រិត កូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម ហើយបណ្តាលឲ្យកើតជំងឺជាច្រើន ប្រសិនបើអ្នកទទួលទានវាច្រើនពេក។

ដូចនេះ កុមារដែលមានអាយុ ៥ឆ្នាំទៅ១៥ឆ្នាំ គួរតែញ៉ាំពងទាកូនតែមួយ១គ្រាប់ក្នុងសប្តាហ៍ ឬ២គ្រាប់ (យូរៗម្តង) ព្រោះប្រសិនបើញ៉ាំញឹកញាប់ពេក អាចបណ្តាលឲ្យកុមារ ទទួលរងផលប៉ះពាល់ដល់ការលូតលាស់ឆ្អឹង និងអភិវឌ្ឍរាងកាយមិនពេញលេញ។ រីឯមនុស្សពេញវ័យ ក៏មិនអាចបរិភោគពងទាកូន ឲ្យលើសពី២គ្រាប់ក្នុងសប្តាហ៍បានដែរ ព្រោះវាអាចធ្វើឲ្យអ្នកកើតជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម។

ម្យ៉ាងទៀតអ្នកជំនាញបានហាម កុំទទួលទានពងទាកូននៅពេលយប់ឲ្យសោះ ដោយសារក្រពះមិនអាចរំលាយវីតាមីន និងសារធាតុជាតិចិញ្ចឹមដ៏ច្រើនលើសលុបរបស់ពងទាបានអស់ឡើយ ហើយអាចបណ្តាលឲ្យខូចប្រព័ន្ធរំលាយ និងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ដូ​ចនេះនៅពេលព្រឹកជាពេលវេលាល្អបំផុត សម្រាប់ទទួលទានពងទាកូន ព្រោះអាចទុកពេលឲ្យក្រពះរំលាយបានល្អ ហើយអាចផ្តល់ថាមពលឲ្យអ្នកបំពេញកិច្ចការ បានពេញមួយថ្ងៃ៕

មតិយោបល់