ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូទៅច្រូតស្មៅគោមិនប្រយ័ត្នត្រូវរថយន្តដឹកអំពៅបុកស្លាប់បត់កយ៉ាងរន្ធត់!

កំពង់ស្ពឺ: លោកអធិការរងស្រុកថ្ពង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកអំពៅ បុកគ្នាជាមួយនឹងម៉ូតូគុបមូលដែលកំពុងបើកបរដោយបុរសម្នាក់ ពេញទំហឹង បណ្តាលឲ្យស្លាប់បត់ក យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ក្នុងចម្ការអំពៅ ត្រង់ចំណុចផ្លូវខ្វែង អូរខ្លុងពេន ភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូគុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិចទៅច្រូតស្មៅឲ្យគោ លុះដល់ចំណុចផ្លូវខ្វែងខាងលើមិនប្រយ័ត្ន ត្រូវរថយន្តដឹកអំពៅមួយគ្រឿងមិនចាំម៉ាក បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់បត់ក យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ។ ចំណែកម៉ូតូខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្តវិញបានរត់គេចបាត់ស្រមោល។

សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ នាត នូ ភេទប្រុស អាយុ ១៣ឆ្នាំ ស្នាក់នៅភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវ យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់