កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះ បាននិយាយថា យោធាអាមេរិកកាលពីថ្ងៃចន្ទ បានហ្វឹកហ្វឺនទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានគោលដៅមកលើកូរ៉េខាងជើង និងបានហៅវាថា ជាសកម្មភាពដ៏រឹងទទឹងមួយ ដើម្បីចង់ឲ្យមានសង្គ្រាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១ ខែឧសភា ក្រុមចក្រពត្តិនិយមអាមេរិក បានប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការប្រើប្រាស់កម្លាំងយោធា ដោយការហ្វឹកហ្វឺនទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងសកម្មភាពគឃ្លើនរបស់កូរ៉េខាងជើង ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B នៅក្នុងសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ដែលហៅឈ្មោះថា Key Resolve និង Foal Eagle ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា «យន្តហោះទម្លាក់គ្រាប់បែកនេះ មកពីកោះ Guam បានហោះនៅលើផ្ទៃមេឃ នៃសមុទ្រខាងកើត និងបានចូលរួមប្រតិបត្តិការ ជាមួយនឹងបំណងវាយប្រហារ ដោយក្នុងនោះរួមមានទាំងនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និង នាវាមុជទឹក USS Michigan ទៀតផង»។
សូមជំរាបថា ភាពតានតឹងកាន់តែខ្លាំងទ្បើង នៅឧបទ្វីកូរ៉េ ក្នុងរយៈពេលពីរខែកន្លងមក រវាងអាមេរិក និងកូរ៉េខាងជើង ដោយក្រុងវ៉ាស៊ីនតោត បានគំរាមកំហែងវាយប្រហារ ដោយប្រើកម្លាំងយោធាលើក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ៕
មតិយោបល់