ព័ត៌មានជាតិ

ជៀសវាង គ្រោះថ្នាក់ដល់សុខភាព សូមបងប្អូនប្រុងប្រយ័ត្ន! រកឃើញ ទឹកសុទ្ធចំនួន ៣ ប្រភេទ ខូចគុណភាព

កំពង់ធំៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ធំ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តកំពង់ធំ បានចុះតាមដានបញ្ហាស្រាថ្នាំចិនសែ តាំង គួយ ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទឹកសុទ្ធចំនួន ៣ ប្រភេទ ស្មើនឹង ១២០ យួរ ដែលជាផលិតផលខូចគុណភាព ។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ធំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់