ភ្នំពេញៈ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ចាប់ពីថ្ងៃទី១៣ ខែតុលានេះតទៅ។ ក្នុងនោះ ករណីរកឃើញថា នាឡិកាទឹកមានកម្រិតលម្អៀងខ្ពស់ ឬខូច រាល់ការផ្លាស់ប្ដូរនាឡិកាទឹកថ្មី ពុំតម្រូវឲ្យបង់ថ្លៃនោះទេ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងនៅរសៀលថ្ងៃទី៥ ខែតុលានេះថា ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញ ដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ដោយដាក់នាឡិកាទឹកថ្មីជំនួស តាមកម្មវិធីចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ទៅតាមកម្មវិធីខាងក្រោម ជូនដល់អតិថិជនប្រើប្រាស់ទឹកស្អាតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អំឡុងពេលកំពុងធ្វើការពិនិត្យ-វាស់ស្ទង់ ឬផ្លាស់ប្ដូរនាឡិកាទឹក ការផ្គត់ផ្គង់ទឹកនៅតាមបណ្ដាគេហដ្ឋាននីមួយៗ អាចមានភាពរអាក់រអួលរយៈពេលខ្លី តែមិនលើសពី២ម៉ោងនោះឡើយ។
ករណីការពិនិត្យបឋមនេះ រកឃើញថា នាឡិកាមានកម្រិតលំអៀងខ្ពស់ ឬនាឡិកាខូចនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្រូវឲ្យអតិថិជនកាន់នាឡិកាដោយផ្ទាល់យកមករោងជាងនាឡិកានៅរដ្ឋាករទឹក ដើម្បីពិនិត្យ និងវាស់ស្ទង់បន្ថែម។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៧ ៣៣៣ ៤៥ រាល់ម៉ោងធ្វើការ៕
មតិយោបល់