ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាបើនៅនឹងកន្លែង និង២មាក់ទៀតរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧១ ភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកប្រធានបានបន្តថា ជនរងគ្រោះមានឈ្មោះ ម៉ក លាង ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅនឹងកន្លែង។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូហុងដា MSX ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1I-8673 ជិះដោយឈ្មោះ យាន ធឿន ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ជា ចិត្រ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២នាក់ ស្នាក់នៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបុកម៉ូតូ បើកបត់ឆ្វេង ក្នុងទឹសដៅផ្ទុយគ្នា ម៉ាកហុងដា វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ប៉ុន្តែពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានស្លាប់បាត់ទៅហើយ។ ចំណែក ជនរងគ្រោះ២នាក់ទៀត បានបញ្ជូនមកកាន់មន្ទីរពេទ្យភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់