ព័ត៌មានជាតិ

បុរសម្នាក់ ចុះដកក្រអៅឈូក លង់ទឹកស្លាប់

កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណី បុរសម្នាក់ លង់ទឹកស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃ ៤ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចក្នុងទឹកស្រះ ក្រោយឡឥដ្ឋឈ្មោះ អេង ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ស្រុង ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កន្លងមកជនរងគ្រោះផឹកស្រា ជាប្រចាំហើយធ្វើការងារក្នុងឡឥដ្ឋជាធម្មតា។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ មានជម្ងឺមិនបានចេញធ្វើការអូសឥដ្ឋទេ ទោះបីប្រពន្ធឲ្យទៅពេទ្យក៏មិនទៅដែរ លុះដល់ថ្ងៃទី៤ ខែឆ្នាំដដែល វេលាម៉ោង៧ព្រឹក ជនរងគ្រោះនិងប្រពន្ធព្រមទាំងឈ្មោះក្រឹម បានចេញធ្វើការអូសរទេះ ដឹកឥដ្ឋទាំងឈឺ ក្ដៅខ្លួន រហូតដល់ម៉ោង៩និង៣០នាទី ជនរងគ្រោះនិងឈ្មោះក្រឹម នាំគ្នាទៅរកខ្យងនិងដកក្រអៅឈូកនៅកន្លែងកើតហេតុ ហើយបានជួបឈ្មោះវុធ និងប្រពន្ធកំពង់រកខ្យងនៅទីនោះដែរ។ នៅវេលាម៉ោង១០ ឈ្មោះវុធ និងប្រពន្ធបានឡើងទៅឡឥដ្ឋវិញ តែជនរងគ្រោះ និងឈ្មោះក្រឹម នៅបន្តរកធម្មតា លុះដល់ម៉ោង១០និង៣០នាទី ឈ្មោះ ក្រឹមបានឃើញជនរងគ្រោះ លិបដកក្រអៅឈូកបាត់អស់រយៈពេលប្រហែល១០នាទី ស្រាប់តែឃើញជនរងគ្រោះ ផុសឡើងវិញ ផ្កាប់មុខក្បាលជ្រមុជ ក្នុងទឹកឃើញដូចនេះឈ្មោះ ក្រឹម បានស្ទុះលើកជនរងគ្រោះឃើញជនរងគ្រោះ ហាមាត់ហើយដៃជើងខ្លួនជនរងគ្រោះមានភាពទន់ៗ រួចលើកជនរងគ្រោះដាក់លើគោករួច រត់ទៅប្រាប់ប្រពន្ធជនរងគ្រោះនៅឡឥដ្ឋ ឈ្មោះសុង វ៉ា ភ្លាមនោះឈ្មោះឈីត , សល,អូខុង និងឈ្មោះក្រឹម នាំគ្នាទៅលើកជនរគ្រោះដឹកតាមម៉ូតូដោយឈ្មោះសល អ្នកបើកម៉ូតូហើយឈ្មោះ ឈីត អោបជនរងគ្រោះពីក្រោយយកទៅពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល ដោយពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់ហើយ រួចក៏ដឹកជនរងគ្រោះមកទុកនៅវត្តភូមិក្អមតែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅសល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យលើសាកសព បានឲ្យដឹងថា ក្រៅពីស្លាកស្នាមនេះនៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីទៀតឡើយ ក្រុមគ្រួសារជនរងគ្រោះទទួលស្គាល់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់