ភ្នំពេញៈ ប្តី-ប្រពន្ធមួយគូរទើបតែរៀបការថ្មោងថ្មី ដេករស់នៅជាមួយគ្នាមិនទាន់ទាំងក្តៅខ្នងផង នួនល្អងចិត្តខ្មៅ រួម២នាក់ម្តាយ ហ៊ានលើកដៃចាក់សម្លាប់ប្តី ព្រោះរឿងលុយ១ម៉ឺនរៀល ស្លាប់យ៉ាងអាណោចអធ័ម អូសសពទៅលាក់ក្នុងបន្ទប់ចាក់សោរឃុំទុក កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយនាំគ្នាគេចខ្លួន ពួនសង្ងំនៅមិនសុខ ស្រាប់តែនៅវេលាម៉ោង ៩យប់ថ្ងៃដដែល ឃាតករដៃឆៅ២នាក់ម្តាយកូន ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលិស សារភាពនូវទង្វើរខ្លួន ហើយអូសដៃប៉ូលិសឲ្យទៅមើលសពប្តីជាក់ស្តែង បង្កឲ្យភ្ញាក់ផ្អើលទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋរឹតតែទ្រូង ដោយមិននឹកស្មានដល់ ។
ជនរងគ្រោះឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ខ្មែរកម្ពុជាក្រោម។ ចំណែកស្ត្រីជាម្តាយជាជនដៃដល់មានឈ្មោះ គង់ ធីតា ហៅ ម៉ាក់ស្រីស អាយុ ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៣ហ្ស៊ី ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រីឯកូនស្រីដៃឆៅ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ ង៉ូយ សុម៉ារី ហៅ ស្រីស អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ផ្ទះជួល កន្លែងកើតហេតុទើបបានជាង១ខែ ។
រឿងរ៉ាវឃាតកម្មចាក់សម្លាប់ប្តី កូនប្រសារខាងលើ ជំហានដំបូង ប៉ូលិស អ្នកក្បែរខាងមិនបានដឹងឡើយ ទើបតែនៅវេលាម៉ោង ៩យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ម្ដាយកូន នាំគ្នាដើរចូលសារភាពដល់ប៉ុស្តិ៍ប៉ូលិស ទើបប៉ូលិសភ្ញាក់ខ្លួនព្រើត ជនសង្ស័យអូសដៃប៉ូលិសទៅមើល ពុទ្ធោ ជារឿងពិត។
យោងតាមការសារភាពរៀបរាប់ស្ត្រីសង្ស័យបានឲ្យដឹងថា ប្តីប្រពន្ធខាងលើទើបតែរៀបការនឹងគ្នា ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ ហើយទើបមកស្នាក់នៅ ផ្ទះជួលកន្លែងកើតហេតុនេះដែរ ស្ត្រីសង្ស័យបន្តទៀតថា នៅល្ងាចថ្ងៃទី២៣ ខែឧសភា ប្តីមានអាការៈមិនស្រួលខ្លួន ជនសង្ស័យជាប្រពន្ធបានហៅម្តាយ ឈ្មោះ គង់ ធីតា ឲ្យមកជួយមើល « ប្តីកូនឈឺហើយម៉ាក់អើយ » លុះដល់វេលាម៉ោង ១០ព្រឹកថ្ងៃទី២៤ ខែឧសភា ជនសង្ស័យជាប្រពន្ធ បានសុំលុយប្តី ចំនួន១ម៉ឺនរៀល ជនរងគ្រោះកំពង់ឈឺផង មិនបានយកលុយឲ្យធ្វើឲ្យជនសង្ស័យខឹង មាត់ធំ មាត់តូច ក៏កើតជាទំនាស់សម្តីដាក់គ្នា ជនរងគ្រោះ ក្រោកងើបទាំងវេទនា ចាប់ច្របាច់កប្រពន្ធស្រែកឲ្យម៉ែជួយ ស្ទុះមកទាន់ចិត្ត ប្រដាប់ដោយកាំបិតបុ័ងតោ កាប់ក្បាល២បុ័ងតោ ជនរងគ្រោះដួលស្រឹប ប្រពន្ធអូសប្តីជាជនរងគ្រោះ ដាក់លើគ្រែចាក់បន្ថែម២កូនកាំបិតចុងស្រួច ជនរងគ្រោះស្លាប់បាត់ ក្នុងថ្លុកឈាម ។ ក្រោយពីកាប់កូនប្រសារ ចាក់ប្តីស្លាប់ហើយ ទាំង២នាក់ម៉ែកូនចាក់សោបន្ទប់ នាំគ្នារត់ទៅសង្ងំនៅផ្ទះ ឯសង្កាត់ទន្លេបាសាក់ រៀបរាប់ប្រាប់ឪពុកដឹងរឿង ស្តីបន្ទោស នៅវេលាម៉ោង ៩យប់ថ្ងៃដដែល ២នាក់ម្តាយកូននាំគ្នាវិលមកវិញ ចូលប៉ុស្តិ៍ប៉លិស សារភាពប្រាប់រឿងសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ប៉ូលិសសឹងតែមិនជឿ តែជនសង្ស័យដឹកដៃប៉ូលិសឲ្យទៅមើលដល់បន្ទប់ ពុទ្ធោរឿងពិតមែនទែន ទើបឆោឡោឃាត់ខ្លួន២នាក់ម្តាយកូន ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យហើយ ពិតជាករណីឃាតកម្ម ២នាក់ម្តាយកូន រួមគ្នាកាប់ចាក់សម្លាប់ជនរងគ្រោះ រួចសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ ដៃដល់ទាំង២នាក់ម្តាយកូន សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ ៕
មតិយោបល់