ព័ត៌មានជាតិ

ជិះម៉ូតូបត់ឆ្វេង ស្របពេលម៉ូតូមួយគ្រឿងកំពុងជិះលឿន បុកគ្នាលាន់ដូចរន្ទះ មនុស្ស៣នាក់របួសធ្ងន់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង បន្ទាប់ពីមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1F-4593 បើកបរដោយឈ្មោះ ភួង សុភាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង បណ្ដាលឲ្យម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BP-9082 បើកបរដោយឈ្មោះ រ័ត្ឋ ប្រុសនាង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិអន្លុងគគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ជិះឌុបម្នាក់ទៀតនៅពីក្រោយឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ធ្វើដំណើរពី ជើង ទៅត្បូង ហើយបានមកបុកម៉ូតូដែលបត់ឆ្វេង ខាងលើ បណ្ដាលឲ្យរបួសធ្ងន់ដល់ឈ្មោះ ភួង សុភាង និងឈ្មោះ រ័ត្ន ប្រុសនាង របួសស្រាលដល់ឈ្មោះ ជា សុភាព អ្នករបួសទាំង៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ព្រែកដំបង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់