ព័ត៌មានជាតិ

ទីកូបុកជាមួយនឹងរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរបួសធ្ងន់!

ព្រៃវែងៈ លោកអធិការស្រុកកំពង់ត្របែក បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តទីកូ បានបុកជាមួយនឹងរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដែលជិះនៅក្នុងរថយន្តកុងតឺន័រ ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត និងអ្នកបើកបររបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ១ ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាកទីកូ ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ2I-4693 បើកបរដោយឈ្មោះ ធូ ធី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគោខ្ចក ឃុំគោខ្ចក ស្រុកកំពុងត្របែក ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ ក៏បានរេចង្កូតមកឆ្វេងដៃ បណ្តាលឲ្យបុកចំពីមុខចំហៀងរថយន្តកុងតឺន័រ ម៉ាកហ្វុយហ្សូ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 4A-0905 បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបររថយន្តបង្កមានរបួសធ្ងន់ និងស្លាប់អ្នកជិះជាមួយម្នាក់ នៅក្នុងរថយន្ត ឈ្មោះ គង់ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចំរ៉េះ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែក អ្នកបើកបររថយន្តកុងតឺន័រ វិញបានបើកទ្វារថយន្ត រត់គេចខ្លួនបាត់ស្រមោល។ចំណែកជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់