ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សវ័យកណ្តាលប្រុសស្រី២នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

ព្រះសីហនុៈ លោកវរសេនីយ៍ឯកស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបាន ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើការងារ បញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញ និង ចាប់ជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាមុខសញ្ញាចែកចាញគ្រឿងញៀនដ៏សកម្ម មានឈ្មោះ ឌួង លីណា ហៅម៉ីង៉ា ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោក ស៊ុន សុផាត បានបញ្ជាក់ថា មុខសញ្ញាឈ្មោះ ដួង លីណា ត្រូវបានចៅក្រមស៊ើបសួរ ចោទប្រកាន់ពីបទជួញដូរថ្នាំញៀន បានចេញដីកាបង្គាប់ឲ្យចូលខ្លួន តែមិនបានចូលខ្លួនឡើយ។ រហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ តុលាការ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្តង។ តែមុខសញ្ញាបានគេចខ្លួនបាត់មួយរយៈ។ លុះដល់ថ្ងៃទី៤ខែឧសភា ម្សិលមិញនេះ ក្រោមការបញ្ជាដឹកនាំ របស់លោកស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបាន ស្រាវជ្រាវរកឃើញនិង ចាប់ខ្លួនបានតែម្តង។

គួរបញ្ជាក់ថា៖ ឈ្មោះឌួង ង៉ឹង ភេទប្រុស ត្រូវជាប្អូនរបស់ដួង លីណា ហៅម៉ីង៉ា ជាមេខ្លោងជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបាននៅថ្ងៃទី២៩ខែមេសា កន្លងទៅនេះរួចហើយ៕

មតិយោបល់