ព័ត៌មានជាតិ

ចែកចាយគ្រឿងញៀនបាន៥ខែ ចុងក្រោយជាប់ខ្នោះ!

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់នេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃត្រង់ទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ក្នុងភូមិពែ្រករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង វាសនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ រត់តុក្នុងហាង១សប្បាយមែន ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន១កញ្ចប់តូច,ប្រាក់១រយរៀល,ទូរសព្ទម៉ាក SAMSUNG១គ្រឿង,ទូរសព្ទម៉ាកNEWPHONE ១គ្រឿង និងម៉ូតូ១គ្រឿង សេ១០០កូរ៉េ ពណ៌ក្រហម ពាក់
ស្លាកលេខ ភ្នំពេញ1AJ-1491។

ប្រភពដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ ល្បាតក្នុងភូមិសាស្រ្តតាមដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាពជួញដូរថ្នាំញៀន ដោយជិះម៉ូតូ១គ្រឿងតែម្នាក់ឯង និងបោះថ្នាំដែលខ្ចប់លុយ១០០រៀល ទៅឲ្យអ្នកផ្សេងទៀតឃើញសកម្មភាពដូចនេះ ក៏ដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានឲ្យគេនៅចាក់អង្រែយកថ្នាំ នេះមកក្នុងតម្លៃ ៣០,០០០រៀល ដើម្បីយកថ្នាំនេះទៅឲ្យគេបន្តទៀត ។ ចំណែកអ្នកដែលយកថ្នាំនោះមកឲ្យមិនស្គាល់ឈ្មោះទេ ស្គាល់តែលេខទូរសព្ទ ជនសង្ស័យបានទំនាក់ទំនងតាមទូរសព្ទនេះឲ្យគេយកមកតែ ១កញ្ចប់ប៉ុណ្ណោះ មិនមានសេសសល់ក្នុងផ្ទះទៀតឡើយ ។ កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពចែកចាយថ្នាំ ឲ្យពូរបស់ខ្លួនបាន៥ខែមកហើយ តែដោយពូរបស់ខ្លួនឈ្មោះ យុង ចម្រើន នោះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដាក់ពន្ធនាគារហើយពីបទជួញដូរសារធាតុញៀន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់