ភ្នំពេញ: នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាខណ្ឌទួលគោក ប្រារព្ធពិធីប្រកាសតែងតាំង និង ផ្ទេរភារកិច្ចមន្ត្រីរាជការខណ្ឌទួលគោក ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និង លោក ហ៊ុន សុធី អធិការនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក លោក តាន់ ឧត្តរោ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោក ក្រុមប្រឹក្សា ចៅសង្កាត់ នគរបាល រួមទាំងមន្ត្រីក្រោមឱវាទ។
ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការខណ្ឌទួលគោកនេះ លោក ឯក ឃុនដឿន បានថ្លែងបូកសរុបការងារកន្លងមកក៏ដូចកោតសរសើរអំពីស្នារដៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ខិតខំយកចិត្តទុកដាក់បំពេញភារ:កិច្ចជូនប្រជាពលរដ្ឋ និងខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព សេវាសាធារណៈ និងចំណុចផ្សេងៗទៀត។
ការប្រកាសតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការនេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ លេខ៥៤៤៧ប្រក។ ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៩រូប ជាអភិបាលរងខណ្ឌ នៅរាជធានីភ្នំពេញ ក្នុងនោះមានលោក ធឹម សំអាន និង លោក សាំង សុភវិចិត្រ អតីតអភិបាលរងខណ្ឌទួលគោក ជំនួសដោយលោក កូប ស្លេះ និង លោក ខៀវ សំអឿន មកពីខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ដើម្បីចូលកាន់តំណែងជាអភិបាលរងខណ្ឌទួលគោក។
លោកបន្តទៀតថា ការប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះជាការប្តូរបទពិសោធន៍ការងារពីខណ្ឌមួយទៅខណ្ឌមួយទៀតដែលរកចំណុចខ្លាំង ដើម្បីរក្សាសុខសន្តិភាពសង្គម និងការអភិវឌ្ឍមូលដ្ឋានរីកចម្រើន ក៏ដូចលុបបំបាត់ចំណុចអសកម្មរបស់មន្ត្រីផ្សេងៗផងដែរ៕
មតិយោបល់