ព័ត៌មានជាតិ

ដឹកទំនិញខ្ពស់ពេកប៉ះអំពូលភ្លើងលម្អក្រោមស្ពានអាកាស៥មករា រួចបើករត់ ផ្អើលសមត្ថកិច្ចដេញឃាត់ព្រាត

ភ្នំពេញៈ រថយន្តដឹកទំនិញធន់ធំ ម៉ាក NISSAN DIESEL មួយគ្រឿងដឹកអីវ៉ាន់ខ្ពស់ពេក បើកប៉ះនឹងអំពូលភ្លើងលម្អក្រោមស្ពានអាកាស ៥មករា ដែលមានកម្ពស់ ៥ម៉ែត្រ បណ្តាលឲ្យដាច់ខូចខាត ហើយរថយន្តមិនព្រមឈប់បែរជាព្យាយាមបើកគេច ត្រូវសមត្ថកិច្ចប្រចាំការក្រោមស្ពានដេញតាមឃាត់បានភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០ នាទីយប់ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខម៉ៅសេទុង ក្រោមស្ពានអាកាស៥មករា ក្នុងសង្កត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលប្រចាំការក្រោមស្ពានអាកាស៥មករា បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកទំនិញធន់ធំ ម៉ាក NISSAN DIESEL ក្បាលរថយន្តពណ៌ស ដងខ្លួនពណ៌ខៀវ ពាក់លេខ ប៉ៃលិន 3A-0303 មួយគ្រឿង បើកបរដោយបុរសម្នាក់ ដោយបានដឹកអីវ៉ាន់ពេញរថយន្ត មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងខ្ពស់ទៀត ផង បានបើកតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបើកទៅប៉ះទាក់នឹងអំពូលភ្លើងលម្អ ក្រោមស្ពានអាកាស៥មករា កម្ពស់ ៥ម៉ែត្រ បណ្តាលឲ្យដាច់ខូចខាត ។

សមត្ថកិច្ចបន្ថែមទៀត ក្រោយពីរថយន្តនោះបើកប៉ះទាក់នឹងអំពូលភ្លើងលម្អដាច់ខូច ហើយរថយន្តបង្កក៏ព្យាយាមបើកគេចរហូតផ្សារ៧មករា ក៏ត្រូវពួកគាត់ជាសមត្ថកិច្ចដេញពីក្រោយរថយន្តឃាត់បានមកវិញភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុភ្លាម ៗ ដោយសហការជាមួយសមត្ថកិច្ចចរាចរណ៍នៃការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាស់៕

មតិយោបល់