ព័ត៌មានជាតិ

ចុម! ចេះរកគ្នាឃើញប្ដីប្រពន្ធគេ ជាប់ខ្នោះហើយនៅចេញស្តាយឃ្យូតទៀត

ភ្នំពេញ: ប្តីប្រពន្ធ២នាក់ដែលមិនព្រមរកការងារដោយស្របច្បាប់ធ្វើបែជាប្រកបរបរជួញដូរគ្រឿងញៀន ឥឡូវត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួន និងដកហូតម្សៅក្រាមថ្លាស២២កញ្ចប់តូច និង១កញ្ចប់ធំ។

ប្រតិបត្តិការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះទី១.ឈ្មោះ មាច សុធារីតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអង្គសេរី ឃុំរការធំ ស្រុកច្បាមន ខេត្តកំពង់ស្ពឺ(ប្តី)។ រីឯទី២. ឈ្មោះ ផុន ម៉ាឌី ភេទស្រី អាយុ២៥ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅជាមួយប្តី មានស្រុកកំណើតភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ប្រពន្ធ)។

ប៉ូលិសនិយាយថាមុន និងឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធ២នាក់ខាងលើនេះគឺកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាច្បាស់លោះ ទើបសុំគោលការណ៍ថ្នាក់លើចុះធ្វើការឆែកឆេរ និងឃាត់ខ្លួនតែម្តង។

ប្រភពដដែលពីសមត្ថកិច្ចបានបន្តទៀតថា សម្ភារ:ដកហូតរួមមាន ម្សៅក្រាមថ្លាសចំនួន២២កញ្ចប់តូច និង១កញ្ចប់ធំ ស្មើរនិង២៣កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀចំនួនមួយ ដាវមួយដើម និងឧប្បករណ៍ជក់មួយចំនួនផ្សេងទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់