សហភាពអឺរ៉ុប បានប្តេជ្ញានៅតែបន្តគាំទ្រដល់ ការអភិវឌ្ឍន៍វិស័យសំខាន់ៗ នៅកម្ពុជា ដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមការប្រកាសរបស់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម George Edgar នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រនេះ ។
ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដោយបានផ្ដល់មូលនិធិសម្រាប់គាំទ្រដល់គម្រោងផ្សេងៗក្នុងវិស័យជាច្រើន រាប់តាំងពីវិស័យអប់រំ និងវិស័យកសិកម្ម រហូតដល់ការគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយពាណិជ្ជកម្ម ដែលបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ខណៈដែលប្រទេសកម្ពុជាបានវិវត្តខ្លួនក្នុងរយៈកាល ២០ ឆ្នាំមកនេះ ប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជាមានវត្តមាន និងបានដើរតួនាទីសកម្មក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច កំណែទម្រង់វិស័យអប់រំ និងការបោះឆ្នោត ការលើកកម្ពស់អភិបាលកិច្ច និងវិស័យកសិកម្ម ដែលទាំងនេះបានជួយលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជនជាច្រើនទូទាំងប្រទេស។
ជំនួយសហប្រតិបត្តិការសហភាពអឺរ៉ុបផ្ដល់មកឲ្យកម្ពុជា បានកើនឡើងយ៉ាងច្រើន ។ ចន្លោះពីឆ្នាំ ២០០២ និង ២០០៤ ជំនួយរបស់សហភាពអឺរ៉ុបមានចំនួនជិត ៧៥ លានដុល្លារ ដោយបានកើនឡើងដល់ ៤៤៥ លានដុល្លារសម្រាប់ពីឆ្នាំ ២០១៤-២០២០ ។
បច្ចុប្បន្ន សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញធំបំផុតសម្រាប់ទំនិញកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួន ៤,៥ ប៊ីលានអឺរ៉ូ ក្នុងឆ្នាំ ២០១៦ ហើយទំនាក់ទំនងពាណិជ្ជកម្មនេះបានបង្កើតការងារដល់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ជាពិសេសការងារសម្រាប់ស្ត្រីកម្ពុជា និងប្រជាជនរស់នៅតាមទីជនបទ ៕
មតិយោបល់