ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់ នាំគ្នាជ្រកក្រោមផ្ទះ រន្ទះបាញ់ចំសសរផ្ទះ បាក់សង្កត់ របួសធ្ងន់-ស្រាល៥នាក់

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋចំនួន៥នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសារត្រូវរន្ទះបាញ់ចំសសរផ្ទះ នៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចកំពតស្បូវ ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នគរបាល បានឲ្យដឹងថា មេឃកំពុងមានភ្លៀង និងខ្យល់ខ្លាំង ពួកគាត់ទាំងអស់គ្នា បានរត់ចុះពីលើផ្ទះមកជ្រកនៅក្រោមផ្ទះ ស្រាប់តែខ្យល់កន្ដ្រាក់ បានបក់បោកយ៉ាងខ្លាំង ដួលរលំ ផ្ទះប្រជាពលរដ្ឋ៦ចំនួនខ្នងក៏បានរងការខូចខាត។

លោក ធន់ រតនា នាយប៉ុស្តិ៍នគរបាលអញ្ចាញរូង ស្រុកបរិបូណ៌ បានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់ មាន ១-ឈ្មោះ មិន ហួន អាយុ៣០ឆ្នាំ ជាម្ចាស់ផ្ទះ ២-ឈ្មោះ ប៉ូច គា អាយុ១៨ឆ្នាំ ៣-ឈ្មោះ ព្រឹក សារ៉េត អាយុ២០ឆ្នាំ ៤-ឈ្មោះ ព្រឹក វ៉េង និង៥-ឈ្មោះ ឈិន អឿង អាយុ២២ ឆ្នាំ គេទាំង៥នាក់ មានទីលំនៅ ជិតៗគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ ។

លោក បានបន្តថា មុនពេលកើតហេតុ មានភ្លៀង និងខ្យល់ជាខ្លាំងបន្ទាប់មកពួកគេ ទាំង៥នាក់ នៅលើផ្ទះ ក៏បាននាំគ្នាចុះមកដីនិងចូលទៅជ្រកខាងក្រោមផ្ទះ លុះបន្តិចស្រាប់តែមានរន្ទះ បានបាញ់ចំសសរមេដំបូលផ្ទះ បណ្តាលឲ្យបាក់សសរជាពីកំណាត់ ធ្វើ ឲ្យអ្នកជ្រកក្រោមផ្ទះបានរងរបួស ធ្ងន់និងស្រាល ហើយត្រូវបានដឹកបញ្ជូនមកសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកបរិបូរណ៌។

គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងមណ្ឌលសុខភាពស្រុកបរិបូរណ៌ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌ បានចុះទៅសាកសួរសុខទុក្ខ ជនរងគ្រោះ និង បានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់ បានផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ តែគ្រូពេទ្យមិនទាន់អនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះ គឺឲ្យនៅសំរាកក្នុងពេទ្យរង់ចាំការតាមដានសភាព របួសបន្ត។

ក្នុងពេលសាកសួរសុខទុក្ខ នោះដែរ លោកអភិបាលស្រុកបរិបូណ៌ បានជួយឧបត្ថម្ភអ្នករងគ្រោះក្នុងម្នាក់ៗ២ម៉ឺនរៀលផងដែរ៕

r8 r7 r5 r4 r2 r1

មតិយោបល់