ព័ត៌មានជាតិ

រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ មនុស្ស៣នាក់របួសធ្ងន់

បន្ទាយមានជ័យ: រថយន្ត ហាយឡែនឌឺ បើកបុក រថយន្តកាមរី ពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកជិះទាំងសងខាង រងរបួសធ្ងន់៣នាក់ នៅនឹងកន្លែង នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារ វត្តស្ទឹងបត់ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាវុធហត្ថក្រុងប៉ោយប៉ែ បានឲ្យដឹងថា មុនពេលកើតហេតុ នោះ មានរថយន្ត ម៉ាកតូយូតាហាយ ឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A4139 បើកដោយឈ្មោះ ទៀង ទួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរក្នុងគោលដៅពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកតូយូតាកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-7987 បើកដោយឈ្មោះ រឿម ស៊ីថា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិខ្លាកូន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកពីលិច ទៅកើត លុះបើកមកដល់ចំណុចកើតហេតុនោះដោយរថយន្តហាយឡែនឌឺ មានល្បឿនលឿនពេក ក៏បានរេចង្កូតទៅបុក និងរថយន្តកាមរី ពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់៣នាក់នៅនឹងកន្លែង។

អាវុធហត្ថ បានបន្ដថា អ្នករងរបួសទាំង៣នាក់ មាន១.ឈ្មោះ ផៃ ឡូត ភេទប្រុស អាយុ៥៩ឆ្នាំ ជាជនជាតិថៃ មុខរបរ វិស្វករក្នុងកាស៊ីណូ ផ្កាយប្រាំ ស្នាក់នៅក្នុងកាស៊ីណូ ស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ទី២. មានឈ្មោះ ទៀង ទួន របួសធ្ងន់ ទី៣.មានឈ្មោះ រឿម ស៊ីថា របួសធ្ងន់ទាំង២នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាវុធហត្ថ បានបន្ថែមទៀតថា ក្រោយពីកើតហេតុរួច អ្នករបួសទាំង៣នាក់ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះជីវិត។ ចំណែករថយន្តទាំងពីរគ្រឿងនោះខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅអធិការដ្ឋានក្រុង ប៉ោយប៉ែត ដើម្បីដោះស្រាយនៅថ្ងៃក្រោយ៕

image_2 image_1 image

មតិយោបល់