ព័ត៌មានជាតិ

យកដាវ និងកាំបិតប៉័ងតោកាប់គេហើយរត់គេចខ្លួនបាត់ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច!

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី២ នៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ យីហោ ស្រីមុំ ដែលមានទីតាំងនៅផ្ទះលេខ៤៨០ ផ្លូវម៉ៅ សេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សំ វិចិត្រ ហៅពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី២ឈ្មោះ វណ្ណា រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ចំណែកជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ សេង វិបុល ហៅម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងតបណ្តាញអគ្គីសនី ស្នាក់នៅផ្ទះជួល បន្ទប់លេខ១០ ផ្លូវលំ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ របួសខ្នងចំហៀងខាងឆ្វេង, ទី២ឈ្មោះ ខាត់ ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករលក់គ្រឿងសំណង់ ស្នាក់នៅ ផ្ទះលេខ៤៨០ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក របួស ក្រោមចុងត្រចៀកស្តាំ និងទី៣ឈ្មោះ កែវ មាស ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករលក់គ្រឿងសំណង់ ស្នាក់នៅ ផ្ទះលេខ៤៨០ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក របួសធ្ងន់នៅខ្នងចំណុចកន្លែងបោះដៃផុត។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៨និង១០នាទី យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ចេញមកពីផឹកស៊ីនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូម៉ាក Suzuki Nex ពណ៌ ក្រហម ដោយជនរងគ្រោះឈ្មោះ កែវ មាស ហៅពៅ ជាអ្នកបើកម៉ូតូ ពេលមកដល់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ ស្រីមុំ ជនរងគ្រោះបានឈប់ម៉ូតូ ដើម្បីរង់ចាំអ្នកនៅក្នុងផ្ទះបើកទ្វារឲ្យ ពេលនោះស្រាប់តែមានជនសង្ស័យមួយក្រុម ដែលមានគ្នាប្រហែលជាង១០នាក់ ដែលប្រដាប់ដោយដាវ និង កាំបិតប៉័ងតោ បានមកធ្វើសកម្មភាពកាប់ជនរងគ្រោះ ទាំង៣នាក់ បណ្តាលឲ្យរបួស ហើយក្រុមជនសង្ស័យ បានបន្សល់ទុកនៅកន្លែងកើតហេតុ ចំណែកជនរង គ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
លុះនៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ខណ្ឌចម្ការមន បានល្បាតការពារសុវត្ថិភាព បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នៅចំណុចមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ហើយធ្វើការសួរនាំពាក់ព័ន្ធបទល្មើសខាងលើ ក៏បាននាំមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ក្នុងនោះដកហូតបាន-កាំបិតប៉័ងតោដងឈើម៉ាក King fish ចំនួន១ដើម ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់