ព័ត៌មានជាតិ

អតីតប្រធានគុកទួលស្លែង នឹងផ្ដល់សក្ខីកម្មក្នុងសំណុំរឿង ០០២/០២ លើកទី២

ភ្នំពេញៈ អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច នឹងត្រូវបានកោះហៅឲ្យមកផ្តល់សក្ខីកម្មក្នុងប្រធានបទទី៤ នៃសំណុំរឿង ០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុង ជាពិសេស គឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦តទៅ។ អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម បានត្រៀមរយៈពេល៩ថ្ងៃ ដើម្បីសាកសួរទៅលើសាក្សីរូបនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

សេចក្ដីប្រកាសព័ត៌មានបន្តឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១២។

កាំង ហ្កេកអ៊ាវ ហៅឌុច គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខ អ.វ.ត.ក។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែតុលា ឆ្នាំ២០១៤មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន៨៤រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៩រូប និងអ្នកជំនាញចំនួន៣រូប សម្រាប់សវនាការចំនួន១៨៥ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុងរួចហើយប្រធានបទបន្ទាប់(ប្រធានបទទីប្រាំ) នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧៕

WhatsApp-Image-20160518 (1) WhatsApp-Image-20160518 (2) WhatsApp-Image-20160518WhatsApp-Image-20160518 (3) WhatsApp-Image-20160518 (4) WhatsApp-Image-20160518 (5)

មតិយោបល់