ព័ត៌មានជាតិ

អុញ! ច្រកគ្រាប់បញ្ចូលកាំភ្លើងបម្រុងយកទៅបាញ់មាន់ បែរជារាកៃបាញ់ត្រូវប្រពន្ធចំដើមដោះធ្លាយដល់ចង្កេះរបួសធ្ងន់

ព្រះវិហារៈ លោកវរៈសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់Post Newsថា មានករណីរាកៃអាវុធមួយ បានកើតឡើង បន្ទាប់ពីបុរសជាប្តីបានច្រកគ្រាប់បញ្ចូលកាំភ្លើងរួចបញ្ឈរទុកចោល បែរជារាកៃបាញ់ចំប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចប្រអោប ក្នុងភូមិសាស្ត្រ ភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសខាងលើនេះមានឈ្មោះ ហាត់ រ៉យ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្នាមរបួសគ្រាប់ចូលក្រោមដើមដោះខាងឆ្វេង ធ្លាយទៅចង្កេះខាងឆ្វេង (របួសធ្ងន់)
ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ធឹម ថុល អាយុ២៨ឆ្នាំ មុខរបរកសិករ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុឲ្យដឹងថា គឺបណ្តាលមកពីការ ច្រកគ្រាប់បញ្ចូលកាំភ្លើង បម្រុងយកទៅបាញ់មាន់ ប៉ុន្តែពុំទាន់បានយកទៅបាញ់ផង ក៏យកទៅបញ្ឈរផ្អែកទុក ស្រាប់ដួលផ្ទុះត្រូវស្ត្រីជាប្រពន្ធតែម្តង៕

មតិយោបល់