កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណី បុរសម្នាក់ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន ដោយសារតែទាស់សម្តីជាមួយប្រពន្ធ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្ទះរបស់ជនរងគ្រោះក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកអធិការបន្តថា ជនរងគ្រោះឈ្មោះ កែវ ផាត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរជាអ្នកចាំចំការស្វាយ នៅចំណុចភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកអធិការបានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យបុរសខាងលើ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន ដោយសារតែទាស់ពាក្យសម្តីជាមួយប្រពន្ធ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវរបស់កម្លាំងជំនាញលើសាកសព គឺពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនស្លាប់ដោយសាររឿងឃាតកម្មអ្វីឡើយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់