ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រី មួយកន្លែងនៅអង់តែនទួលគោក ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ឆ្មក់ចូលបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ទី១ឈ្មោះ អ៊ុន ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ (ជួញដូរ) ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងទី២ឈ្មោះ ប៊ុន សុខលី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ ជាងកាត់សក់ (អ្នកកត់ពង់ហ្គេមបាញ់ត្រី) មានទីលំនៅបន្ទប់ជួលគ្មានលេខ ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើង សហការជាមួយប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ ធ្វើការស្រាវជ្រាវរហូតដល់ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែងខាងលើនេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ព្រមទាំងដកហូតថ្នាំញៀន ១កញ្ចប់,ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ទូហ្គេមបាញ់ត្រីចំនួន៣ទូ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀងមួយចំនួន។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ រួចមកសមត្ថកិច្ច យើងបានបញ្ជូនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕










មតិយោបល់