ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន៥នាក់នៅម៉ាឡៃដកហូតបានថ្នាំញៀន៧២គ្រាប់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលស្រុកម៉ាឡៃសហការជាមួយកម្លាំងប្រជាការពារភូមិបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់បន្ទាប់ពីរកឃើញថាបានរក្សាទុកនិងចែកចាយថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ដោយខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅចំនុចផ្ទះជនសង្ស័យដែលស្ថិតនៅក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ចាប សុផារិទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ post news ថា បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីប្រជាពលរដ្ឋក្នុងភូមិ កម្លាំងជំនាញនគរបាលក្រោមការដឹកនាំរបស់លោក បានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ យឿង សារុន ហៅ តៅ ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិខាងលើបានរកឃើញថ្នាំញៀនចំនួន៧២គ្រាប់ និងឃាត់ខ្លួនបក្សពួកចំនួន៤នាក់១-ឈ្មោះ ភាជ សិរី ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅម៉ាឡៃជាជាងដែក ២-ឈ្មោះ អឿន ភីនឿន អាយុ២៥ឆ្នាំរស់នៅស្រុកបវេលខេត្តបាត់ដំបង ជាជាងដែក ៣- ហិន ផាណូ ភេទប្រុសអាយុ២៥ឆ្នាំរស់នៅខេត្តកំពតជាកម្មករ និង៤-ឈ្មោះ សុខ សុធឿន ភេទប្រុស អាយុ ២៨ឆ្នាំរស់នៅខេត្តប៉ៃលិនស្នាក់នៅធ្វើចំការ។

បច្ចុប្បន្នមុខសញ្ញាចែកចាយថ្នាំញៀនទាំង៥នាក់ បាននិងកំពុងធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

photo_2016-05-18_16-22-31 photo_2016-05-18_16-22-29 (2) photo_2016-05-18_16-22-29 photo_2016-05-18_16-22-27 photo_2016-05-18_16-22-33

មតិយោបល់